Left Out Banner
Right Out Banner

អតិថិជន​ភាគច្រើន​ផ្តោត​លើ World Cup ទីផ្សារ​រថយន្ត​នៅ​រុ​ស្ស៊ី​មាន​កំណើន​យឺត

206

រថយន្ត ៖ ការ​លក់​រថយន្ត​នៅ​រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ ខណៈ​ប្រទេស​មួយ​នេះ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (FIFA World Cup 2018)​។ បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​ពាណិជ្ជកម្ម​អឺរ៉ុប (AEB) ការ​លក់​មាន​កំណើន​យ៉ាង​យឺត ពោល​គឺ​ត្រឹម​១០.៨​ភាគរយ​នៅ​ខែមិថុនា ខណៈ​ខែឧសភា មាន​១៨​ភាគរយ​។ FIFA World Cup 2018 ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ក្រុង​សំខាន់​ចំនួន​១១ ក្នុង​នោះ​មាន​មូ​ស្គូ សូ​ជី និង Saint Petersburg ជាដើម​។

«​ការ​បញ្ជា​ទិញ​នា​អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ មានការ​ថយ​ចុះ ដោយសារ​អតិថិជន​ដ៏​មាន​សក្តានុពល​ភាគច្រើន​ផ្តោតអារម្មណ៍​ទៅ​លើ​បាល់ទាត់​ជាង​»​។ លោក Sergey Udalov នាយក​ប្រតិបត្តិ​ភ្នាក់ងារ​ប្រឹក្សា​ផ្នែក​យានយន្ត Autostat បាន​អះអាង​យ៉ាង​ដូច្នេះ​។ របាយការណ៍​របស់​សមាគម​ពាណិជ្ជកម្ម​អឺរ៉ុប (AEB) ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​បង្ហាញ​ថា រថយន្ត​ថ្មី​ប្រមាណ​១៥៦ ៣៥១​គ្រឿង ត្រូវ​បាន​លក់ដាច់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី នា​អំឡុង​ខែមិថុនា​។ លោក Joerg Schreiber មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ AEB បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​៖ «​ទោះបី​កំណើន​យឺត ប៉ុន្តែ​វា​នៅ​តែ​មានការ​កើនឡើង​១១​ភាគរយ ដែល​ជា​លទ្ធផល​អាច​ទទួលយក​បាន​»​។

លោក​បាន​បន្ថែម​ថា​៖ «​ជា​រួម​ពាក់កណ្តាល​ឆ្នាំ​២០១៨ ទីផ្សារ​យានយន្ត​នៅ​រុ​ស្ស៊ី ដំណើរការ​ដោយ​ជោគជ័យ ពីព្រោះ​ហេតុផល​នៃ​ការ​កើនឡើង​យឺត​យើង​អាច​ទទួលយក​បាន ហើយ​រំពឹង​ថា ផល​វិជ្ជមាន​នឹង​បន្ត​កើតឡើង​នា​ខែ​ខាង​មុខជា​បន្តបន្ទាប់​»​។ បើ​តាម AEB ការ​លក់​ចេញ​នៅ​ពាក់កណ្តាល​ឆ្នាំ​មានការ​កើន​ឡើងជា​មធ្យម​១៨.២​ភាគរយ ដែល​មាន​រថយន្ត​ចំនួន​៨៤៩ ២២១​គ្រឿង​។ ក្រោយ​ព្រឹត្តិការណ៍ World Cup អ្នកជំនាញ​ជឿ​ថា ទីផ្សារ​យានយន្ត​នៅ​រុ​ស្ស៊ី នឹង​រើប​ឡើង​វិញ បើ​ទោះបីជា​មានការ​តម្លើង​ពន្ធ​ខ្ពស់​ក៏​ដោយ​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង