Left Out Banner
Right Out Banner

លោក ផ្លុង រ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានចូលខ្លួនទៅបំភ្លឺនៅតុលាការហើយ

57

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ លោក ផ្លុង រ៉េត ចាងហ្វាងកាសែត និងគេហទំព័រកម្ពុជាសុវណ្ណភូមិ បានចូលខ្លួនទៅបំភ្លឺនៅតុលាការហើយ បន្ទាប់ពីមានដីកាកោះជុំវិញករណីបណ្តឹងចោទប្រកាន់ពីអាជ្ញាធរសង្កាត់ជ្រាវថា បរិហាកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។ លោក ផ្លុង រ៉េត បានថ្លែងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ ខែឧសភាថា លោកពិតជាបានចូលខ្លួនទៅបំភ្លឺ នៅតុលាការរួចហើយតាមកាលកំណត់នៅក្នុងដីកា។

ជាមួយគ្នានោះ តំណាងអយ្យការក៏បានឲ្យរូបលោកប្រមូលឯកសារដែលពាក់ព័ន្ធមកបង្ហាញផងដែរ។ ក្នុងការឆ្លើយបំភ្លឺ លោកបាន បញ្ជាក់ ថា រាល់ព័ត៌មានដែលរូបលោកបានចុះផ្សាយកន្លងមក គឺសុទ្ធសឹងមានឯកសារទាំងអស់ ដូចជាការឈូសឆាយ ព្រៃលិចទឹក និងការជីកដីក្នុងបាតបារាយណ៍សិប្បនិម្មិតក្នុងសង្កាត់ជ្រាវជាដើម។ ចំណែកឯបទដែលចោទថាញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ លោកបញ្ជាក់ថា រូបលោកពុំធ្លាប់ទៅបង្គាប់ ឬផ្សាយព័ត៌មានឲ្យនណាម្នាក់ទៅសម្លាប់គេនោះឡើយ។

ដូច្នេះបណ្តឹងរបស់អាជ្ញាធរសង្កាត់ជ្រាវ ដែលបានប្តឹងរូបលោកទៅតុលាការនេះ គឺចោទប្រកាន់គ្មានមូលដ្ឋានទាំងអស់។ លោក ផ្លុង រ៉េត បញ្ជាក់ថា បន្ទាប់ពីបានឆ្លើយនៅចំពោះមុខអយ្យការ លោកក៏បានស្នើសុំឲ្យលើកលែងការចោទប្រកាន់ទាំងអស់ដ្បិតរូបលោកពុំបាន ប្រព្រឹត្តិដូចក្នុងបណ្តឹងនោះឡើយ។ ទាក់ទិននឹងករណីខាងលើនេះដែរ ចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន បានប្រាប់តាមទូរសព្ទ័ផងដែរថា រូបលោកជាចៅសង្កាត់ជ្រាវ រួមទាំងលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ពិតជាបានប្តឹងលោក ផ្លុង រ៉េត ទៅតុលាការប្រាកដមែន ចំពោះដំណើររឿង គឺទុកឲ្យខាងតុលាការជាអ្នកសម្រេច។

លោកបន្តថា ក្នុងរណីនេះបើទោះមានការសម្របសម្រួលយ៉ាងណានោះ ក៏លោកមិនដកពាក្យបណ្តឹងវិញនោះដែរ។ ជុំវិញករណីនេះ លោក យិន ស្រាង ដូចនេះលោកនៅមិនអាចទាន់ឆ្លើយនោះទេ។ ចំណែកលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទថា ករណីនេះលោក ផ្លុង រ៉េត បានចូលខ្លួនមកឆ្លើយបំភ្លឺរួចហើយ។ ប៉ុន្តែសំណួរដែលសួរថា តើអាចលើកលែងការចោទប្រកាន់បានដែរឬទេ? លោកសុំមិនទាន់ឆ្លើយនោះទេ។

លោកបន្តថា ការចោទប្រកាន់ ឬមិនចោទនោះ គឺស្ថិតលើការស៊ើបអង្កេតជាបឋមសិន។ បើរកឃើញថា មានបទល្មើស នោះអាចនឹង មានការចោទប្រកាន់ ប៉ុន្តែប្រសិនបើរកមិនឃើញ ក៏មិនអាចចោទបាននោះដែរ។ ចឹងទេរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត នៅឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៏បឹងពារាំង បាននាំគ្នាប្តឹងលោក ផ្លុង រ៉េត ទៅតុលាការ ដោយចោទប្រកាន់ចំនួនពីរបទល្មើស ទី១. បរិហាកេរ្តិ៍ និងទី២. ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង