Left Out Banner
Right Out Banner

រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញប្រើឈ្មោះក្រុមហ៊ុនបារាំងបន្លំភ្នែក ដើម្បីយកផលចំណេញរាប់លានដុល្លារ ​​

60

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗ​នេះ​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​ទម្លាយ​ជា​សាធារណៈ​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ស៊ីម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ និង​អគ្គនាយករង​ឈ្មោះ ឡុង ណា​រ៉ូ ដែល​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹងថា ការអនុវត្តន៍​ទៅលើ​គម្រោង​ស្ដារ ​និង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន ជាមួយ​ក្រុមហ៊ុន Vinci Construction Grands Projects (VCGP) ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី ព្រោះ​លោក ស៊ីម ស៊ីថា និង​លោក ឡុង ណា​រ៉ូ ប្រើល្បិច​យ៉ាង​រលូន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស៊ីម ស៊ីថា បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ស៊ីម ស៊ីថា និង​លោក ឡុង ណា​រ៉ូ ​​ព្រមទាំង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ​មន្ត្រីរាជការ​ក្នុង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញបាន​ឲ្យ​ដឹងថា គម្រោង​ស្ដារ​ និង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន ជាមួយ​ក្រុមហ៊ុន VCGP ដែលមាន​ទឹកប្រាក់ ២៣,៥៦​លាន​ដុល្លារ ប្រើ​រយៈពេល​សាងសង់​២៤​ខែ​ដោយ​ចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ ហើយ​គ្រោង​បញ្ចប់​នៅក្នុង​អំឡុង​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩​នេះ​។

ប៉ុន្តែ​ចាប់តាំងពី​ក្រុមហ៊ុន VCGP មកពី​ប្រទេស​បារាំង ទទួលបាន​គម្រោង​ខាងលើ គឺ​មិនឃើញ​ក្រុមហ៊ុន​មួយ​នេះ​បញ្ជូន​សម្ភារ ​ឬ​គ្រឿងចក្រ​មក​អនុវត្តន៍​ការងារ​ឡើយ ផ្ទុយទៅវិញ​ឃើញតែ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ឡុង ណា​រ៉ូ អគ្គនាយករង​រដ្ឋាក​រ​ទឹក​​ភ្នំពេញ ជា​អ្នកធ្វើការងារ​នេះ​។ មានន័យថា​ការប្រគល់​គម្រោង​ស្ដារឡើងវិញ ​និង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន ទៅ​ឲ្យ​ក្រុមហ៊ុន VCGP គ្រាន់តែ​ជា​រូបភាព​បំភ័ន្ត​ភ្នែក​របស់​ថ្នាក់ដឹកនាំ​រដ្ឋាករទឹកភ្នំពេញប៉ុណ្ណោះ​។

ការពិត​លោក ស៊ីម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​​ភ្នំពេញ និង​លោក ឡុង ណា​រ៉ូ ដែលជា​អគ្គនាយករង គឺជា​អ្នក​អនុវត្តន៍​ការងារ​នោះ​ដោយ​ខ្លួនឯង​។​ ប្រភពពី​មន្ត្រី​នៅក្នុង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​រវាង​អង្គភាព​នេះ​ជាមួយ​ក្រុមហ៊ុន VCGP គឺមាន​ការឃុបឃិត​គ្នា​រួចជាស្រេច ហើយ​ក្រុមហ៊ុន VCGP គ្រាន់តែ​ជា​អ្នក​ចេញមុខ​ជំនួស​ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​​ភ្នំពេញ ហើយ​ចាំ​ទទួល​កម្រៃ​ដោយ​គ្មាន​ចំណាយ​ដើមទុន​។

ប្រភព​ស្និទ្ធ​នឹង​លោក ឡុង ណា​រ៉ូ បាន​ឲ្យ​ដឹងថា ជាក់ស្ដែង​លោក ឡុង ណា​រ៉ូ ជា​អ្នកគ្រប់គ្រង​លើ​ការងារ​បច្ចេកទេស​សាងសង់ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​នោះមក​ធ្វើជា​របាំង​ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ភាពមិនប្រក្រតី​នៃ​ការអនុវត្តន៍​គម្រោង​ស្ដារ ​និង​ពង្រីក​សមត្ថភាព​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន គឺ​ពោរពេញ​ទៅដោយ​អំពើ​ពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយអង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មានតួនាទីចាំពិនិត្យលើសមិទ្ធផលដែលក្រុមហ៊ុនសាងសង់រួចតែប៉ុណ្ណោះ។

ព្រោះការសាងសង់នេះស្ថិតក្រោមគម្រោងប្រាក់កម្ចីបរទេស និងចំនួន២៥% គឺជាប្រាក់ផ្ទាល់របស់អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។ ករណីអង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ទៅសាងសងខ្លួនឯងគឺការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះអង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ជាម្ចាស់គម្រោង ហើយក៏ជាអ្នកខ្ចីប្រាក់បរទេសមកសាងសង់គ្មានសិទ្ធិអនុវត្តន៍គម្រោងដោយខ្លួនឯងទេ គឺមានតួនាទីចាំពិនិត្យមើលក្រុមហ៊ុនដែលដេញថ្លៃបានអនុវត្តន៍ត្រឹម ឬអត់តែប៉ុណ្ណោះ។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ ហើយ​ត្រូវ​បើក​ការស៊ើបអង្កេត​ឡើងវិញ​ឲ្យ​បានច្បាស់លាស់​ផងដែរ​៕ ប្រភព ៖ pdt-news.com

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង