Left Out Banner
Right Out Banner

ពេលមានផ្ទៃពោះសំខាន់បំផុតសម្រាប់ម្តាយ និងទារក ក្នុងការថែរក្សាសុខភាពមាត់ធ្មេញ

53

រាជធានីភ្នំពេញ ៖ សុខភាពមាត់ធ្មេញ គឺមានសារៈសំខាន់ ហើយជាផ្នែកមួយ ដែលជួយឲ្យសុខភាពទូទៅ មានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សា សុខភាពមាត់ធ្មេញ ឲ្យបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារក ដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីចៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។ យោងតាមឯកសារ ដែលទទួលបានពីមន្ទីរពេទ្យ កាល់ម៉ែត បានប្រាប់ឲ្យដឹងថា ពេលស្ត្រីមានផ្ទៃពោះនឹងមានការប្រែប្រួលជាច្រើននៅក្នុងមាត់ ក្នុងនោះមានដូចជា ៖ ងាយក្នុងការ រលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ, ​ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ និងកើតឡើងនូវពងបែកក្នុងមាត់ ជាញឹកញាប់។

មានសំណួរមួយបានលើកឡើងថា តើស្ត្រីមានផ្ទៃពោះ អាចធ្វើធ្មេញបានដែរឬទេ? ចំលើយនោះគឺ៖ ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់។ ការងារជាទូទៅដូចជា ការសំអាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្ភឡើយ។ ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវ ការពិនិត្ យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក​ការងារមួយចំនួន ដែលធ្វើឲ្យសោភ័ណភាពប្រសើរ ដូចជាពត់តម្រង់ធ្មេញ គួររង់ចាំក្រោយសម្រាល។

ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ ចំពោះអ្នកជំងឺ ដែលមានផ្ទៃពោះ គឺត្រីមាសទី២ ពោលគឺខែទី៤ ទី៥ និងទី៦​ ចំពោះការព្យាបាល ធ្មេញ។ សំណួរមួយទៀតបានសួរដែរថា តើការថតកាំរស្មី X-ray សម្រាប់ព្យាបាលធ្មេញ ប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ ឬទេ? ចំពោះចម្លើយគឺ ៖ ​​នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរចៀសវាងការថត និងបើសិនជាត្រូវថតខាងគ្រូពេទ្យ និងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ។ ចំពោះការប្រើប្រាស់ថ្នាំសះវិញ, ទន្តបណ្ឌិត បានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ថ្នាំសះប្រភេទ តេត្រាស៊ីលីន (Tetracycline) នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើឲ្យកូនកើតមក មានពណ៌ធ្មេញក្រមៅខ្លាំង សូមចៀសវាងការប្រើថ្នាំសះ ប្រភេទនេះ។ ជាអនុសាសន៍ណែនាំ ទន្តបណ្ឌិត សូមឲ្យធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងត្រូវណាត់ជួបជាមួយទន្តបណ្ឌិត រៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង