Left Out Banner
Right Out Banner

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​សារព័ត៌មាន​ជា​ដៃគូ​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ

36

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ ៦​កើត ខែបុស្ស សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិ​យ​ជួប​សំណេះសំណាល​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​អ្នក​ព័ត៌មាន ៤,៥០០​ពាន់​នាក់ ដែល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​រួម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​, សារព័ត៌មាន​បោះពុម្ពផ្សាយ​, ក្រុម​សារព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook, គេហទំព័រ និង TV Online, អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន​, អ្នកនាំពាក្យ​រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​កូនក្មួយ​ជា​អ្នក​សារព័ត៌ មាន​ជាតិ​នៅ​ក្នុង​ជំនួប​លើក​ទី​៣ ប្រចាំឆ្នាំ​២០១៩​។

ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ពលរដ្ឋ អង្គការ និង​សមាគម​នានា​តាម​រយៈ​កម្មវិធី​ជួបជុំ​ដូច​ល្ងាច​នេះ​ដែល​កន្លង​មក គឺ​មានកម្ម​វិធី​ជួបជុំ​បងប្អូន​ខ្មែរឥស្លាម​, បងប្អូន​ខ្មែរ​-​ចិន​, បងប្អូន​គ្រឹ​ស្ថ​សាសនា​, បងប្អូន​កូនក្មួយ​សិល្បៈករ សិល្បៈ​ការិនី​, បងប្អូន​កូនក្មួយ​កីឡាករ​កីឡាការិនី និង​ការ​ជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​អ្នក​សារព័ត៌មាន​ជាដើម​។ គោលបំណង​នៃ​ការ​ជួបជុំ​គឺ​ដើម្បី​ស្វែង​យល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នក​សារព័ត៌មាន និង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អ​ៗ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បាន​ល្អ​ត្រឹមត្រូវ​ពិតប្រាកដ​តាម​ក្រម​សីល​ធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គម​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​។ នៅ​ថ្ងៃនេះ​ផង​ដែរ សម្តេច​តេ​ជោ​នាយ​រក​ដ្ឋ​មន្ត្រី បាន​ប្រកាស​ឲ្យ​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​បានដឹង​ថា សម្តេច​តេ​ជោ​បាន​សម្រេច​បញ្ចប់​រឿងរ៉ាវ​មួយ​ដ៏​សំខាន់​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពី​ពេល​នេះ​តទៅ​នៅ​តាម​ច្រកព្រំដែន​ទាំងអស់ គឺ​មិន​ឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅ​តែ​ពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែ​ប៉ុណ្ណោះ​។

ភ្នាក់ងារ​ដទៃ​ៗ​ទៀត រួម​ទាំង​កាំកុងត្រូល គឺ​ត្រូវ​ដក​ចេញ​អោយ​អស់​។ ទន្ទឹម​នឹង​នោះ ក៏​ត្រូវ​បញ្ចុះតម្លៃ​ស្កែ​ន (Scan) ទំនិញ​ផង​ដែរ ដើម្បី​អោយ​អ្នក​រកស៊ី​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ច្បាស់​ថា​ការ​អនុវត្ត​បែប​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លុប​បំបាត់​ភាព​អសកម្ម​ផ្សេង​ៗ និង​អំពើ​រពុក​រលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ផង​ដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើមរស់​បាន​ដោយ​ស្រួល​ទៀត​ផង​។ នៅ​ក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​ចំនុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ ៖

១) ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ដើរតួ​នាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ​។ សូមកុំ​ឲ្យ​កញ្ចក់​នោះ​ជា​កញ្ចក់​ដែល​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។
២) ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយ​មានការ​ពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​អោយ​បាន​យល់​ជ្រួតជ្រាប​អំពី​ទិស​ដៅ​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ហើយ​នាំ​យក​នូវ​អ្វី​ដែល​ជា​ការ​ពិត​ពី​ប្រជាពលរដ្ឋ​មក​កាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​អោយ​មាន​ប្រ​សិ​ទ្ឋ​ភាព​។
៣)​ស្នើ​អោយ​សារព័ត៌មាន​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែ​លំអរ ហើ​ក៏​មិនមែន​រិះគន់​ដើម្បី​តែ​ជាន់ពន្លិច​នោះ​ទេ​។

៤) សំណូមពរ​ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួម​សិក្សា​វិភា​គជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បានដឹង​អំពីរ​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើត​មាន​ឡើង​នៅ​លើ​ពិភពលោក ហើយ​ក៏​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ក្លាយទៅជា​អ្នកវិភាគ​ផង​ដែរ​ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លង​មក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា ដូច្នេះ​យើង​ត្រូវ​ចេះ​សិក្សា​បកស្រាយ និង​វិភាគ​ពី​គេ​វិញ​ផង​ដែរ​។
៥)​សំណូមពរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌​វី​ជ្ជា​ជីវៈ ពិសេស សម្តេច​តេ​ជោ​បាន​សំណូមពរ ដល់​អ្នក​ប្រ​ប្រាស់​បណ្តាញ​សង្គម ហ្វេ​សបុ​គ (Facebook) សូមកុំ​ឲ្យ​មានការ​ជេរ​ប្រមាថ ហែកកេរ្តិ៍​ខ្មាស់​គ្នា ដែល​នាំ​ឲ្យ​មានរឿង​ប្តឹងផ្តល់ និង​ឡើង​តុលាការ​ជាដើម​។ សូម​រក្សា​តំលៃ​របស់​ខ្លួន ពិសេស​អ្នក​សារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បាស់​ពិត កុំ​ស្មាន​ៗ ហើយ​ក៏​មិន​ត្រូវ​ដើរតួ​ជា​តុលាការ​កាត់ក្តី​ឡើយ​។

៦) ត្រូវ​ចូលរួម​លុប​បំបាត់​អ្នក​សារ​ព​ទ័​មាន​ជម្រិត​ទារប្រាក់ គឺ​កុំ​ធ្វើ​ជា​អ្នក​សារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន “​ម៉ាហ្វីយ៉ា​”​។
៧) កុំ​ផលិត និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ គឺ​អ្នក​សារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិតប្រាកដ​ចេញ​មក​បកស្រាយ ដើម្បី​លុប​បំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។
៨) ត្រូវ​ខិតខំ​លើកកម្ពស់​សមត្ថភាព​បុគ្គលិក​សារព័ត៌មាន និង​ធ្វើការ​បណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ជា​ពិសេស ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថា​ប​ន័​ជំនាញ សកល​វិទ្យាល័យ និង​ក្រសួង​ព័ត៌មាន​ជាដើម ដើម្បី​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែម​ទៀត​។ ម្យ៉ាងទៀត គឺ​ត្រូវ​ទាក់ទង​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​បង្កើន​គុណភាព​ការងារ និង​ការ​ផលិត​ឲ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ​និង​ជំរុញ​អោយ​មានការ​រៀបចំ​យុ​ទ្ឋ​នា​ការ​ប្រកួតប្រជែង អំពី “​ការ​ផលិត​ព័ត៌មាន​ពិត ហើយ​លឿន បើ​អាច​ធ្វើ​ច្រើន​ភាសា គឺ​រិ​ត​តែ​ល្អ​”​។ សម្តេច​តេ​ជោ ក៏​បាន​គាំទ្រ និង​ជំរុញ​អោយ​មាន​ប្រ​ព័​ន្ឋ​ផ្សេ​ព្វ​ផ្សាយ​អន​ឡាញ (online)​អោយ​បាន​ច្រើន ព្រោះ​សព្វ​ថ្ងៃនេះ​អ្នក​តាមដាន​ព័ត៌មាន​មិនសូវ​រង់ចាំ​មើល​តាម​ទូរ​ទស្ស​ទេ​។
នៅ​ថ្ងៃនេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ជូន​អ្នក​សារព័ត៌មាន​ទាំងអស់​ថា សម្តេច​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​យ៉ាង​ហោច​ណាស់​ដល់​ឆ្នាំ ២០២៨ ដែល​សម្តេច​គ្រោង​នឹង​ជួប​បងប្អូន​អ្នក​សារព័ត៌មាន​ចំនួន ៩​ដង​ទៀត​។
នៅ​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​អ្នក​សារព័ត៌មាន​ទាំងអស់ ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ពុ​ទ្ឋ​ពរ​៥ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ អត្ថបទ និង​រូបភាព (​ហ្វេ​ស​ប៊ុ​ក​ផេ​ក សម្ដេច​តេ​ជោ ហ៊ុន សែន​)

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង