Left Out Banner
Right Out Banner

អតីត​មេ​គុក​ទួល​ស្លែង​(​ឌុ​ច​) ធ្លាក់ខ្លួន​ឈឺ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

115

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច ត្រូវ​បាន​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) ដោយ​មានការ​ដាក់​កម្លាំង​ការពារ​សន្តិសុខ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើត​មាន​ឡើងជា​យថាហេតុ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែតុលា កាំ​ង ហ្គិ​ច​អ៊ា​ង មាន​អាកា​រៈ​ហត់ (​ថប់ដង្ហើម​) ហើយ​ពេទ្យ​របស់​គាត់ (​កាំ​ង ហ្គិ​ច​អ៊ា​ង​) បាន​ស្នើ​សុំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ខាង​មន្ទីរពេទ្យ​ជ័យ​ជំនះ បាន​សម្រេច​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែតុលា គាត់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារ ខេត្តកណ្តាល

លោក​បាន​បញ្ជាក់​ថា “​ឥឡូវនេះ គាត់​មិន​ទាន់​ស្រួល​ទេ មុន​ដាក់​នៅ​កន្លែង​អ៊ុ​ក​ស៊ី​ហ្សែ​ន​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ធម្មតា តែ​ឥឡូវនេះ​បញ្ជូន​ដាក់​នៅ​ក្នុង​បន្ទប់​ដាក់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ដោយឡែក​តែឯង ហើយ​ព័ត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បាន គឺ​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​។ ស្មារតី​គាត់​នៅ​ចាំ​បាន​ល្អ ប៉ុន្តែ​គាត់​មាន​អាកា​រៈ​ហត់ ណាមួយ​គាត់​ចាស់​ផង​”​។ ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​បាន​បន្ត​ថា ចំពោះ​បញ្ហា​ការពារ​សន្តិសុខ គឺ​លោក​បាន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ចាត់​ទាំង​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​មក​សហការ​ជាមួយ​កម្លាំង​ពន្ធនាគារ​ដើម្បី​ជួយ​ការពារ​សន្តិសុខ ពីព្រោះ​វា​ផុត​ពី​សមត្ថកិច្ច​របស់​ខាង​ខេត្ត​។ លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច បាន​ផ្ទេរ​ពី​ពន្ធនាគារ​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ទៅ​កាន់​ពន្ធនាគារ​ខេត្តកណ្តាល ក្រោយ​ពី​ការ​ប្រកាស​សាល​ល​ដីកា​របស់​អង្គ​ជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២​។

លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម

ចំណែក​លោក នេត្រ ភ​ត្រា្ត អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ថា លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពាក់ព័ន្ធ​ជាមួយនឹង​តួនាទី​របស់​គាត់​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​គុក​ទួល​ស្លែង​នេះ គឺជា​កន្លែង​គុក​សម្ងាត់​ដែល​ស្និទ្ធ​ទៅ​នឹង​បក្សកុម្មុយនិស្ត​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ដឹង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥.០០០​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឃុំ​បញ្ជូន​ទៅ​មន្ទីរ​សន្តិសុខ ស​-២១ ដើម្បី​ធ្វើការ​សួរ​ចម្លើយ និង​យក​ទៅ​សម្លាប់​ចោល​នៅ​ក្នុង​របប​ខ្មែរក្រហម ពី​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ដល់​ថ្ងៃ​ទី​៦ មេ​សា ១៩៧៩​។ លោក​បាន​បន្ត​ថា សាលដីកា​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ គឺ​បាន​សម្រេច​ផ្តន្ទាទោស​លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង និង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕ អត្ថបទ ៖ រស្មី​កម្ពុជា

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង