Left Out Banner
Right Out Banner

ជិត​សែន​ក្បាលទឹក​ហើយ ! តោះ​រៀន​ធ្វើ​សម្លចាប់ឆាយ

154

សម្លចាប់ឆាយ ជា​ឈ្មោះ​សម្ល​ចិន មួយ​ប្រភេទ​ដែល​ដាក់​បន្លែ​ច្រើន​មុខ​លាយ​ចម្រុះ​គ្នា​។ ប្រជាជន​ខ្មែរ​យើង និយម​ស្ល​សម្លចាប់ឆាយ​នេះ​ក្នុង​ពេល​ដែល​មាន​ពិធី​សែន​ចិន​ម្ដង​ៗ ដូច​ជា ចូល​ឆ្នាំ​ចិន ឆេ​ង​ម៉េ​ង សែន​ក្បាលទឹក និង​ពិធី​ផ្សេង​ៗ​ទៀត​ផង​ដែរ ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ក្រុម​គ្រួសារ​នីមួយ​ៗ​។

គ្រឿងផ្សំ ៖
– ស្ពៃបូកគោ ១​គីឡូក្រាម
– ដើម​ខាត់ណា ១​គីឡូក្រាម
– ឆៃថាវ កន្លះ​គីឡូក្រាម
– ពពុះសណ្តែក កន្លះ​គីឡូក្រាម
– ស្បែក​ជ្រូក ២​ខាំ
– ផ្សិត​ក្រៀម ២​ខាំ
– ជើង​ជ្រូក និង​ឆ្អឹង​ជ្រូក (​ស្រស់ ឬ​ខ្វៃ​) ២-៤ គីឡូក្រាម
– អំបិល ២​ស្លាបព្រា​បាយ​កន្លះ
– ទឹកត្រី ២​ស្លាបព្រា​បាយ
– ស្ករ ៣​ស្លាបព្រា​បាយ
– ម្សៅ​ស៊ុប ២​ស្លាបព្រា​បាយ
– ប្រេងឆា ៣​ស្លាបព្រា​បាយ
– ខ្ទឹមស​ច​ញ្ច្រាំ ២​ស្លាបព្រា​បាយ

របៀប​ធ្វើ ៖
– ស្ពៃបូកគោ ហាន់​វែង និង​ធំ​ៗ​ល្មម​លាង​ទឹក​អោយ​ទុក​មួយអន្លើ​។
– ដើម​ខាត់ណា បកសម្បក​ចាស់​អោយ​អស់ ហាន់​ដើម​ប្រ​ឆិត​ៗ​ធំ​ល្មម​ទុក​មួយអន្លើ ស្លឹក​ហាន់​ធំ លាង​ទឹក​អោយ​ស្អាត​។
– ឆៃថាវ ចិត​សម្បក​ឲ្យ​ស្អាត កាត់​ជា​កង់​វែង​ល្មម រួច​ពុះ​ជា​២ ឬ​ជា​៤​ចំណិត លាង​ទឹក​ឲ្យ​ស្អាត​។
– ពពុះសណ្តែក ស្បែក​ជ្រូក និង​ផ្សិត​ក្រៀម ត្រាំ​ទឹក​ប្រហែល​១​ម៉ោង រួច​លាង​ទឹក​ច្របាច់​ឲ្យ​ស្អាត (​លាង​រហូត​ទឹកថ្លា​) រួច​ហាន់​ជា​តូច​ៗ​ល្មម ចំណែក​ផ្សិត ហាន់​ជា​២​ចំណែក​។


– ឆ្អឹង និង​ជើង​ជ្រូក​លាង​ទឹក​ឲ្យ​ស្អាត កាត់​ជា​ដុំ​ៗ​តូច​ល្មម រួច​ដាំទឹក​ឲ្យ​ពុះ​ស្រុះ​ប្រហែល​៥​នាទី សឹម​ស្រង់​ចេញ​លាង​អោយ​ស្អាត​។
– ដាក់​ប្រេងឆា​ពាក់កណ្តាល​ដាំ​ឲ្យ​ក្តៅ ទើប​ដាក់​ខ្ទឹម​ពាក់កណ្តាល​ឆា​ឲ្យ​ប្រែ​ពណ៌​ល្អ រួច​ដាក់​សាច់​ចូល​ឆា​ប្រហែល​២​ទៅ​៣​នាទី ទើប​ដាក់​ស្ករ ម្សៅ​ស៊ុប ទឹកត្រី និង​អំបិល (១​មុខ​ពាក់កណ្តាល​) ឆា​ជាមួយ​សាច់​ឲ្យ​សប់​ប្រហែល​១​នាទី ទើប​ដាក់​ទឹក (​ទឹក​ធម្មតា ឬ​ទឹក​ស៊ុមមាន់​) ៨​លី​ត្រ រម្ងាស់​ប្រហែល ១៥​នាទី​។


– ដាំ​ប្រេងឆា​ឲ្យ​ក្តៅ ដាក់​ខ្ទឹម​ឆា​ឲ្យ​ប្រែ​ពណ៌​ល្អ ទើប​ដាក់​ផ្សិត​ឆា​ឲ្យ​ទន់ បន្ទាប់​មក​ដាក់​ស្ករ ម្សៅ​ស៊ុប ទឹកត្រី និង​អំបិល កូរ​ឲ្យ​សព​ប់​ទើប​ដាក់​ពពុះសណ្តែក ដើម​ខាត់ណា ឆៃថាវ និង​សាច់​ខ្វៃ (​បើ​មាន​) ចូល​ឆា​ឲ្យ​សព​ប់​ប្រហែល​៥​នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ស្លឹក​ខាត់ណា​ចូល​ឆា​ឲ្យ​ទន់ រួច​យក​ទៅ​ដាក់​ក្នុង​ឆ្នាំង​ស៊ុប​កំពុង​ពុះ រម្ងាស់​១០ ទៅ​១០​នាទី​។
– ដាក់​ស្ពៃបូកគោ​ចូល កូរ​ឲ្យ​សប់​ទុក​៥​នាទី​ជា​ការ​ស្រេច​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង